ព្រះត្រៃបិដក ភាគ ៥២
មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ស្រួល ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះកិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចំរើន កុកុដានទី នៅជិតនេះ មានទឹកថ្លា មានរសជាតស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយ ក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេក តថាគតនឹងឆាន់។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់យកបាត្រ ដើរឆ្ពោះទៅឯស្ទឹងនោះ។
ID: 636865128954162695
ទៅកាន់ទំព័រ៖