ព្រះត្រៃបិដក ភាគ ៥២
ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស។ ក្លិននៃសីលជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។
ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន។
មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ។
ផ្កាឈូក ទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ បណ្តាជន ដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿង កន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង។
ចប់ បុប្ផវគ្គ ទី៤។
ID: 636864798193624274
ទៅកាន់ទំព័រ៖