ព្រះត្រៃបិដក ភាគ ៥២
[១៦៥] គ្រានោះ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនោះ កាលដែលព្រះអានន្ទដ៏មានអាយុ ចូលទៅដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមក។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ អម្បាញ់មិញ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនេះ លុះដល់អាត្មាអញ ចូលមកដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមកវិញ។ ព្រះអានន្ទ យកបាត្រទៅដងទឹក ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងនោះ កង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមក កាលបើខ្ញុំព្រះអង្គ ចូលទៅដល់ ស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរទៅវិញ។ សូមព្រះមានព្រះភាគ សោយទឹក សូមព្រះសុគត សោយទឹកចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សោយទឹកនោះឯង។
[១៦៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងសំដៅទៅឯកុកុដានទី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប លុះចូលទៅដល់ហើយ ក៏យាងចុះកាន់កុកុដានទី
ID: 636865129206227112
ទៅកាន់ទំព័រ៖