ព្រះត្រៃបិដក ភាគ ៥២

​ទ្រង់​ស្រង់​ ​និង​សោយ​ស្រេចហើយ​ ​ទ្រង់​ឡើង​មក​ ​រួច​យាង​ចូល​ទៅកាន់​អម្ពវ័ន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ចុន្ទ​កៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ចុន្ទ​កៈ​ ​អ្នក​ចូរ​ក្រាល​សង្ឃាដី​មាន​ជាន់​ ​៤​ ​ឲ្យ​តថាគត​ ​ម្នាល​ចុន្ទ​កៈ​ ​តថាគត​ល្ហិតល្ហៃ​ណាស់​ ​តថាគត​នឹង​សិង​។​ ​ចុន្ទ​ក​ភិក្ខុ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ក្រាល​សង្ឃាដី​មាន​ជាន់​ ​៤​ ​ថ្វាយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​នូវ​សីហសេយ្យា​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​ទ្រង់​យក​ព្រះបាទ​ ​(​ខាងឆ្វេង​)​ ​ត្រួត​លើ​ព្រះបាទ​ ​(​ខាងស្តាំ​)​ ​ទ្រង់​មានសតិ​សម្បជញ្ញៈ​ធ្វើ​ទុក​ក្នុង​ព្រះ​ហ្ឫទ័យ​នូវ​ឧដ្ឋានសញ្ញា​។​ ​ចំណែកខាង​ចុន្ទ​កៈ​ដ៏​មាន​អាយុ​ ​ក៏​អង្គុយ​នៅ​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ដែរ​។​
​[​១៦៧​]​ ​ព្រះពុទ្ធ​ ​ទ្រង់​យាងចុះ​ទៅកាន់​ស្ទឹង​កុកុ​ដា​ ​ដែល​មាន​ទឹកថ្លា​ឈ្វេង​ ​មាន​ទឹក​ត្រជាក់​ ​រង​ថ្លា​ ​ព្រះ​តថាគត​ ​ជា​សាស្តាចារ្យ​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន​ក្នុង​លោក​ ​ព្រះអង្គ​មាន​សេចក្តី​លំបាក​ព្រះ​កាយ​ ​ទ្រង់​ស្រង់​ ​សោយ​ស្រេចហើយ​ ​ទើប​យាង​ឡើង​មក​ ​ព្រះ​សាស្តា​ ​មាន​ភិក្ខុសង្ឃ​ជា​បរិវារ​ ​គង់នៅ​ត្រង់​កណ្តាល​។​ ​ព្រះមានព្រះភាគ​ ​ជា​សាស្តា​ ​ស្វែងរក​គុណ​ធំ​ ​ញ៉ាំង​ធម៌​ទាំងឡាយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​លោក​នេះ​ ​ហើយ​យាង​មកកាន់​អម្ពវ័ន​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636865129422079458
ទៅកាន់ទំព័រ៖