ព្រះត្រៃបិដក ភាគ ៥២
ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ។ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គល ដែលមានទាំងប៉ុន្មាន ផ្លូវជំនួញ ដែលមានទាំងប៉ុន្មាន ក្រុងបាដលិបុត្តនេះ ជានគរដ៏ប្រសើរ និងជាកន្លែងធ្លាយបង្វេចទ្រព្យ
(១) ។ ម្នាលអានន្ទ ក្រុងបាដលិបុត្ត មុខជានឹងមានសេចក្តីអន្តរាយ ៣ យ៉ាង គឺអន្តរាយអំពីភ្លើង ១ អំពីទឹក ១ អំពីការបែកចាកគ្នានឹងគ្នា ១។
[១៧៣] គ្រានោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបឋិតនៅក្នុងទីសមគួរ។
(១) នគរបាដលិបុត្តនេះ ជាកន្លែងសម្រាប់ស្រាយបង្វេចទ្រព្យ របស់បុគ្គលអ្នកមានទ្រព្យ គឺជានគរសម្បូណ៌ហូរហៀរ ដោយទ្រព្យសម្បត្តិ។
ID: 636865132168616551
ទៅកាន់ទំព័រ៖