(ដោយវិធី) ចេញចាកអាល័យ គឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតមិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត។
ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក។
ចប់ បណ្ឌិតវគ្គ ទី៦។
ធម្មបទគាថា អរហន្តវគ្គ ទី៧
[១៧] សេចក្តីក្តៅក្រហាយ
(១) រមែងមិនមានដល់លោកអ្នក មានផ្លូវឆ្ងាយដើរដល់
(២) ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ។
(១) សេចក្តីក្តៅក្រហាយ មាន២យ៉ាង គឺក្តៅក្រហាយកាយ១ ក្តៅក្រហាយចិត្ត១ ព្រះខីណាស្រពនៅមានសេចក្តីក្តៅក្រហាយ ព្រោះអំណាចកំដៅថ្ងៃ ឬត្រជាក់ជាដើម តែក្តៅក្រហាយក្នុងចិត្តមិនមាន ក្នុងទីនេះ សំដៅសេចក្តីក្តៅក្រហាយក្នុងចិត្ត។ (២) ផ្លូវឆ្ងាយក្នុងទីនេះ សំដៅយកវដ្តៈដែលហៅថាវដ្តទ្ធា។ ពួកសត្វដែលជាប់ក្នុងវដ្តៈ នៅក្នុងវដ្តៈដរាបណា ឈ្មោះថាជាអ្នកដើរផ្លូវឆ្ងាយដរាបនោះ ព្រោះសោតាបន្នបុគ្គលជាដើម ក៏ហៅថា អ្នកដើរផ្លូវឆ្ងាយដែរ ព្រោះមិនទាន់អស់វដ្តៈ តែព្រះខីណាស្រពលោកធ្វើវដ្តៈឲ្យអស់ហើយ ឲ្យឈ្មោះថាជាអ្នកដ៏មានផ្លូវឆ្ងាយដើរដល់ហើយ។