ព្រះត្រៃបិដក ភាគ ៥២
អ្នកណា គប្បីពោលគាថាមួយរយ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង។
អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដង គឺមួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងម្នាក់ឯងបាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ។
ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះ របស់សត្វមានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ។
អ្នកណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ ៗ អស់ ១រយឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១រយឆ្នាំនោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។
ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែកអ្នកណាបូជាលោក ដែលមានខ្លួនអប់រំហើយ តែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។
ID: 636864804138084278
ទៅកាន់ទំព័រ៖