ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​គួរ​ចៀស​វៀង​បាប​ទាំងឡាយ​ ​ឲ្យ​ដូច​ពាណិជ​ ​ដែល​មានទ្រព្យ​ច្រើន​ ​តែ​មាន​គ្នា​តិច​ ​ចៀស​វៀង​ផ្លូវ​គួរខ្លាច​ ​ឬដូច​ជា​បុរស​ប្រាថ្នា​រស់នៅ​ ​ចៀស​វៀង​ថ្នាំពិស​ដូច្នោះ​ដែរ​។​
 បើ​ដំបៅ​មិន​មាន​ក្នុង​បាតដៃ​ទេ​ ​បុគ្គល​គប្បី​នាំ​យក​ថ្នាំពិស​ដោយ​បាតដៃ​ ​ថ្នាំពិស​តែង​មិន​ជ្រាបចូល​ទៅកាន់​បាតដៃ​ដែល​គ្មាន​ដំបៅ​ ​យ៉ាងណា​ ​បាប​ ​រមែង​មិន​មានដល់​បុគ្គល​អ្នក​មិន​ធ្វើ​ ​យ៉ាងនោះ​ដែរ​។​
 បុគ្គល​ណា​ ​ប្រទូស្ត​ចំពោះ​អ្នក​មិន​ប្រទូស្ត​តប​ ​ជា​សត្វ​ស្អាត​ ​មិន​មាន​កិលេស​ដូចជា​ទីទួល​ ​បាប​ ​រមែង​ត្រឡប់​មករ​ក​បុគ្គល​ពាល​នោះ​វិញ​ ​ដូច​ធូលី​ល្អិត​ ​ដែល​បុគ្គល​បាចសាច​ ​ទៅកាន់​ទី​ច្រាសខ្យល់​។​
 ជន​ពួក​ខ្លះ​ ​កើត​ក្នុង​គភ៌​មនុស្ស​ ​ពួក​អ្នកមាន​អំពើអាក្រក់​ ​ទៅកាន់​នរក​ ​ពួក​អ្នកមាន​គតិ​ល្អ​ ​ទៅកាន់​ឋានសួគ៌​ ​ពួក​អ្នក​មិន​មាន​អាសវៈ​ ​បរិនិព្វាន​។​ ​
 បុគ្គល​អ្នកធ្វើ​បាបកម្ម​ហើយ​ ​ទោះបី​ចូល​ទៅ​ឰដ៏​អាកាស​ ​ក្នុង​កណ្តាល​សមុទ្រ​ ​កាន់​ចន្លោះភ្នំ​ទាំងឡាយ​ ​ក៏​មិន​គប្បី​រួចចាក​បាបកម្ម​ ​ព្រោះ​ប្រទេស​លើ​ផែនដី​ ​ដែល​បុគ្គល​ឋិតនៅ​ហើយ​ ​គប្បី​រួចចាក​បាបកម្ម​បាន​នោះ​ ​មិនដែល​មាន​ឡើយ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636864805821380557
ទៅកាន់ទំព័រ៖