ព្រះត្រៃបិដក ភាគ ៥២
អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព (នោះ) ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញដោយដំបៅ ដែលឆ្អឹងបីរយកំណាត់ ផ្គុំគ្នាហើយ ជាអត្តភាពក្តៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះរបស់ជនច្រើនគ្នា។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ (នេះ) តែងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុត។
ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្តីត្រេកអរអ្វីហ្ន៎ (របស់អ្នកទាំងឡាយ) ព្រោះតែឃើញឆ្អឹងទាំងឡាយ នោះ។
សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន និងសេចក្តីលុបគុណ ប្រជុំចុះក្នុងសរីរៈណា (សរីរៈនោះ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់ និងឈាម។
រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្តីគ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្តីគ្រាំគ្រា (ដូច្នោះ) ទេ សប្បុរសទាំងឡាយ តែងនិយាយឲ្យពួកសប្បុរសផងគ្នាដឹងបាន។
ID: 636864807712158704
ទៅកាន់ទំព័រ៖