ព្រះត្រៃបិដក ភាគ ៥២
បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោបំរើសាច់របស់វា តែងចំរើនឡើង តែប្រាជ្ញារបស់វាមិនចំរើនឡើយ។
កាលតថាគតមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ រវល់តែ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ។
នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ (របស់តថាគត) ទៀត មិនបានឡើយ ឆ្អឹងជំនី គឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដម្បូលផ្ទះ គឺអវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំឡោះ ក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅកំឡោះ ក្រមុំ រមែងដេកថ្ងូរ សោកស្តាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ ដូច្នោះ។
ចប់ ជរាវគ្គ ទី១១។
ID: 636864808168184787
ទៅកាន់ទំព័រ៖