ព្រះត្រៃបិដក ភាគ ៥២
បុគ្គល គួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា ស្តេចម្ឫត្យុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ។
អ្នកទាំងឡាយ ចូរមកមើលលោកនេះដ៏ត្រកាល ដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ក្នុងលោកណា សេចក្តីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយដែលដឹងច្បាស់ទេ។
បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ។
ID: 636864810357339999
ទៅកាន់ទំព័រ៖