ព្រះត្រៃបិដក ភាគ ៥២

 ​ពួក​ហង្ស​ ​តែង​ហើរ​ទៅ​ក្នុង​គន្លង​ផ្លូវ​ព្រះអាទិត្យ​ ​អ្នកមាន​ឫទ្ធិ​ ​តែង​ហោះ​ទៅ​ក្នុង​អាកាស​ដោយ​ឫទ្ធិ​ ​អ្នកប្រាជ្ញ​ផ្ចាញ់​កិលេស​មារ​ ​ព្រមទាំង​វាហនៈ​ ​គឺ​តណ្ហា​បាន​ហើយ​ ​រមែង​រលាស់ខ្លួន​ចេញ​ ​ចាកលោក​បាន​។​ ​
​បុគ្គល​ប្រព្រឹត្ត​កន្លង​ ​(​ពាក្យសច្ចៈ​)​ ​ដែល​ជា​ធម៌​ឯក​ ​និយាយ​តែ​ពាក្យ​កុហក​ ​មាន​បរលោក​លះ​ចោល​ហើយ​ ​ឈ្មោះថា​ ​មិន​ធ្វើអំពើ​បាប​ ​មិនមែន​ឡើយ​។​
 បុគ្គល​ ​កំណាញ់ស្វិត​ស្វាញ​ ​មិនបាន​ទៅកាន់​ទេវលោក​ទេ​ ​ជនពាល​ទាំងឡាយ​ ​មិន​សរសើរ​ទាន​ឡើយ​ ​ចំណែក​អ្នកប្រាជ្ញ​ ​តែង​អនុមោទនា​ទាន​ ​ព្រោះហេតុនោះ​ ​លោក​តែង​បាន​សេចក្តី​សុខ​ ​ក្នុង​លោកខាងមុខ​។​
 សោតាបត្តិផល​ ​ជា​គុណជាត​ដ៏​ប្រសើរ​ ​ជាង​ភាព​នៃ​ឯករាជ្យ​លើ​ផែនដី​ផង​ ​ជាង​ដំណើរ​ទៅកាន់​ឋានសួគ៌​ផង​ ​ជាង​ភាពជា​ធំ​ ​ក្នុង​លោក​ទាំងមូល​ផង​។​

​ចប់​ ​លោក​វគ្គ​ ​ទី១៣​។​ ​


​ធម្មបទគាថា​ ​ពុទ្ធ​វគ្គ​ ​ទី១៤​


 [​២៤​]​ ​ជ័យជំនះ​របស់​ព្រះពុទ្ធអង្គ​ណា​ ​មិន​ត្រឡប់​ចាញ់​វិញ​ ​កិលេស​ណាមួយ​ក្នុង​លោក​ ​រមែង​មិន​ជាប់​តាម​ជ័យជំនះ​ ​របស់​ព្រះពុទ្ធអង្គ​នោះ​ ​នាង​ទាំងឡាយ​នឹង​ប្រលោម​ព្រះពុទ្ធអង្គ​នោះ​ ​ដែល​មាន​គោចរ​ ​រក​ទីបំផុត​គ្មាន​ ​មិន​មាន​កិលេស​ដូច​ស្នាមជើង​ ​ដោយ​កិលេស​ដូច​ស្នាមជើង​ ​ម្តេច​កើត​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636864810833567238
ទៅកាន់ទំព័រ៖