ព្រះត្រៃបិដក ភាគ ៥២
ធម្មបទគាថា សុខវគ្គ ទី១៥
[២៥] យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ។
យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ។
យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ។
យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត (ព្រោះ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ។
បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ។
ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្តីស្ងប់ មិនមាន។
ID: 636864813135378894
ទៅកាន់ទំព័រ៖