ព្រះត្រៃបិដក ភាគ ៥២
ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។
ចប់ សុខវគ្គ ទី១៥។
ធម្មបទគាថា បិយវគ្គ ទី១៦
[២៦] បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន។
កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ក្នុងកាលណា ៗ ឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវទុក្ខ។
ID: 636864814053091384
ទៅកាន់ទំព័រ៖