ព្រះត្រៃបិដក ភាគ ៥២

​គួរ​កន្លង​សញ្ញោជន​ធម៌​ទាំងអស់​ចោលចេញ​ ​ទុក្ខ​ទាំងឡាយ​ ​តែង​មិន​ជាប់​តាម​បុគ្គល​ ​ដែល​មិន​ចំពាក់​ក្នុងនាម​ ​និង​រូប​ ​មិន​មាន​កិលេស​ ​គ្រឿង​កង្វល់​នោះ​ឡើយ​។​ ​
 បុគ្គល​ណា​ ​ឃាត់​សេចក្តី​ក្រោធ​ ​ដែល​កើតឡើង​ហើយ​ ​ដូច​សារថី​ទប់​រថ​ដែល​កំពុង​លឿន​បាន​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​សារថី​ ​ជន​ក្រៅពី​នេះ​ ​គ្រាន់តែ​ជា​អ្នក​កាន់​ខ្សែ​បរ​ ​(​មិនមែន​សារថី​ឡើយ​)​។​
 បុគ្គល​គប្បី​ផ្ចាញ់​មនុស្ស​ក្រោធ​ ​ដោយ​សេចក្តី​មិន​ក្រោធ​ ​គប្បី​ផ្ចាញ់​មនុស្ស​អសប្បុរស​ ​ដោយ​សប្បុរស​ ​គប្បី​ផ្ចាញ់​មនុស្ស​កំណាញ់​ដោយ​ការ​ឲ្យ​ ​គប្បី​ផ្ចាញ់​មនុស្ស​និយាយ​ពាក្យ​មិន​ពិត​ ​ដោយ​ពាក្យពិត​។​
 បុគ្គល​គួរ​ពោល​ពាក្យពិត​ ​១​ ​មិន​គួរ​ក្រោធ​ ​១​ ​កាល​គេ​សូម​វត្ថុ​សូម្បី​មាន​តិច​ ​ក៏​គួរឲ្យ​ ​(​តាម​តិច​)​ ​១​ ​បុគ្គល​គប្បី​ទៅ​កើត​ក្នុង​សំណាក់​ទេវតា​ទាំងឡាយ​បាន​ ​ដោយហេតុ​ទាំង​ ​៣​ ​នេះឯង​។​
 ជន​ទាំងឡាយ​ណា​ ​ជា​អ្នកប្រាជ្ញ​(​១​)​ ​មិន​បៀតបៀន​សត្វ​ដទៃ​ ​សង្រួម​ហើយដោយ​កាយទ្វារ​ ​(​ជាដើម​)​ ​ជានិច្ច​ ​ជន​ទាំងឡាយ​នោះ​ ​រមែង​ទៅកាន់​ស្ថាន​ដ៏​មិន​ប្រែប្រួល​ ​ជា​ស្ថាន​ដែលគេ​ទៅដល់​ហើយ​ ​តែង​មិន​សោក​ស្តាយ​។​
​(​១​)​ ​សំដៅយក​អសេក្ខ​មុនិ​ ​ដែល​សម្រេចមគ្គផល​ ​ដោយ​មោនេយ្យ​ប្ប​ដិ​បទា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636864816130330195
ទៅកាន់ទំព័រ៖