ព្រះត្រៃបិដក ភាគ ៥២
ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង។
មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា។
ការប្រព្រឹត្តិអាក្រក់
(១) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ទាំងឡាយ ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ។
បុគ្គលអ្នកមិនមានសេចក្តីអៀនខ្មាស ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន (យកមុខ) ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ។ ចំណែកបុគ្គលអ្នកមានសេចក្តីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក។
(១) សំដៅយកការប្រព្រឹត្តិកន្លងចិត្តប្តី។ អដ្ឋកថា។
ID: 636864817834217652
ទៅកាន់ទំព័រ៖