ព្រះត្រៃបិដក ភាគ ៥២
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សី បិទបាំងអត្តភាព ដោយវត្ថុសម្រាប់បិទបាំង (មានមែកឈើជាដើម) ដូច្នោះ។
កាលបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុក្នុងការពោលទោស (អ្នកដទៃ) ជានិច្ចជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចំរើន បុគ្គលនោះឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ។
ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ។
ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ។
ចប់ មលវគ្គ ទី១៨។
ID: 636864818890428064
ទៅកាន់ទំព័រ៖