ព្រះត្រៃបិដក ភាគ ៥២
ធម្មបទគាថា ធម្មដ្ឋវគ្គ ទី១៩
[២៩] បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌។
ID: 636864819306891884
ទៅកាន់ទំព័រ៖