ព្រះត្រៃបិដក ភាគ ៥២

 ​បុគ្គល​មាន​ក្បាល​ស្កូវ​ហើយ​ ​ដោយហេតុ​ណា​ ​ឈ្មោះថា​ជា​ថេរៈ​ ​ដោយហេតុ​នោះ​មិនទាន់​បានទេ​ ​វ័យ​របស់​បុគ្គល​នោះ​ចាស់​ជ្រុល​ហើយ​ ​ហៅថា​ចាស់​ជា​មោឃៈ​។​ ​លុះត្រាតែ​សច្ចៈ​ផង​ ​ធម៌​ផង​ ​ការ​មិន​បៀតបៀន​ផង​ ​ការ​សង្រួម​ផង​ ​ការ​ទូន្មាន​ខ្លួន​ផង​ ​មាន​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ឯង​ ​ជា​អ្នកមាន​មន្ទិល​ខ្ជាក់​ចោល​ហើយ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ទើប​ហៅថា​ ​ថេរៈ​។​
 បុគ្គល​មាន​សេចក្តី​ឫស្យា​ ​មាន​សេចក្តី​កំណាញ់​ ​ជា​អ្នក​អួតអាង​ ​ឈ្មោះថា​ជា​មនុស្ស​ល្អ​ ​ដោយហេតុ​ត្រឹមតែ​ធ្វើការ​និយាយ​ពាក្យ​ ​(​ល្អ​)​ ​ឬ​ដោយ​ភាពជា​អ្នកមាន​សម្បុរ​ជាទី​គាប់ចិត្ត​ ​ក៏​មិនទាន់​បានទេ​។​ ​លុះត្រាតែ​ទោស​ជាតិ​ ​មាន​ឫស្យា​ជាដើម​នេះ​ ​បុគ្គល​ណា​ ​បាន​ផ្តាច់ផ្តិល​ដក​ឡើង​ ​ធ្វើឲ្យ​មាន​ឫសគល់​ដាច់​ហើយ​ ​បុគ្គល​នោះ​ជា​អ្នកមាន​ទោស​ ​ខ្ជាក់​ចោល​ហើយ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ទើប​ហៅថា​ជា​មនុស្ស​ល្អ​បាន​។​
 បុគ្គល​ ​មិនបាន​ឈ្មោះថា​ជា​សមណៈ​ ​ដោយ​ភាពជា​អ្នកមាន​ក្បាលត្រងោល​ទេ​ ​បុគ្គល​អ្នក​មិន​មាន​សីល​វ័ត​ ​និង​ធុតង្គ​វត្ត​ ​ពោល​តែ​ពាក្យ​ឡេះឡោះ​ ​ប្រកបដោយ​សេចក្តី​ប្រាថ្នា​ ​និង​លោភៈ​ ​ឈ្មោះថា​ជា​សមណៈ​ដូចម្តេច​បាន​។​ ​លុះត្រាតែ​បុគ្គល​ណា​ ​រម្ងាប់​បាប​ទាំងឡាយ​ ​ទាំង​តូច​ទាំង​ធំ​ ​ដោយ​ប្រការ​ទាំងពួង​បាន​ ​ទើប​ហៅថា​ ​សមណៈ​ ​ព្រោះ​បាប​ទាំងឡាយ​ ​ដែល​បុគ្គល​នោះ​រម្ងាប់​បាន​ហើយ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636864819658041969
ទៅកាន់ទំព័រ៖