ព្រះត្រៃបិដក ភាគ ៥២
ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។
បុគ្គលនៅកំឡោះមានកំឡាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រអូស មិនប្រឹងប្រែង ក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គលខ្ជិល (នោះ) រមែងមិនបានផ្លូវបញ្ញាឡើយ។
បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជំរះកម្មបថទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោក អ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ។
ID: 636864820770935623
ទៅកាន់ទំព័រ៖