ព្រះត្រៃបិដក ភាគ ៥២
ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្តីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកប ទាំងពីរនេះថា ជាគន្លងនៃសេចក្តីចំរើន និងសេចក្តីវិនាសហើយ ប្រាជ្ញាចំរើនឡើងដោយប្រការណា គួរដំកល់ខ្លួនទុក ដោយប្រការនោះ។
អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (ព្រោះ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចដើមឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តជាប់ចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ។
អ្នកចូរដកសេចក្តីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្តុះនូវផ្លូវសន្តិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ។
អញនឹងនៅក្នុងទីនេះ អស់វស្សានរដូវ អញនឹងនៅក្នុងទីនេះក្នុងហេមន្តរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្តីអន្តរាយឡើយ។
ID: 636864821154297550
ទៅកាន់ទំព័រ៖