ព្រះត្រៃបិដក ភាគ ៥២
របស់ណា ដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចំរើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា បានប្រារព្ធប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយ ៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចជាដែន ប្រព្រឹត្តទៅ មួយអន្លើ ដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំជាគំរប់ ៥ ផង (ដែលនៅស្កាត់ផ្លូវ) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។
ID: 636865036445591508
ទៅកាន់ទំព័រ៖