ព្រះត្រៃបិដក ភាគ ៥២
អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញ ចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន។
បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតី គ្របសង្កត់សេចក្តីអន្តរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញ់នោះឯង។ បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ។
ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរផុត (ព្រោះថា) សហាយតាគុណ រមែងមិនមានក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្តីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ។
ID: 636865039898118981
ទៅកាន់ទំព័រ៖