ព្រះត្រៃបិដក ភាគ ៥២

 ​ពួក​សត្វ​ដែល​តណ្ហា​ជាទី​ញ៉ាំង​សត្វ​ឲ្យ​តក់ស្លុត​ ​ក្រុង​ទុក​ហើយ​ ​តែង​រន្ធត់​ដូច​ទន្សាយ​ ​ដែល​នាយ​ព្រាន​ ​ទាក់​បាន​ហើយ​ដូច្នោះ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​កាល​ប្រាថ្នា​ធម៌​ជា​គ្រឿង​ប្រាសចាក​រាគៈ​ ​ដើម្បី​ខ្លួន​ ​គប្បី​បន្ទោបង់​តណ្ហា​ ​ដែល​ជា​គ្រឿង​តក់ស្លុត​ចោលចេញ​។​
 ​បុគ្គល​ណា​ ​មិន​មាន​អាល័យ​ ​ក្នុង​គិហិ​ភាព​ ​ដូចដើម​ឈើ​តាំងនៅ​ក្នុង​ព្រៃ​ ​មានចិត្ត​ចុះ​ស៊ប់​ក្នុង​ព្រៃ​ ​គឺ​តបធម៌​ ​ជា​អ្នក​រួច​ស្រឡះ​ចាក​ព្រៃ​ ​គឺ​តណ្ហា​ ​ហើយ​ស្ទុះ​ទៅ​រក​ព្រៃ​ ​គឺ​តណ្ហា​វិញ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​បុគ្គល​នោះ​ឯង​ ​បុគ្គល​នោះ​ ​រួចចាក​ចំណង​ ​គឺ​ឃរាវាស​ហើយ​ ​ស្ទុះ​ទៅ​រក​ចំណង​ ​គឺ​ឃរាវាស​វិញ​។​ ​
 ចំណង​ណា​ ​ដែល​កើតអំពី​ដែក​ក្តី​ ​កើតអំពី​ឈើ​ក្តី​ ​កើតអំពី​ស្មៅ​យាប្លង​ក្តី​ ​អ្នកប្រាជ្ញ​ ​មិន​ហៅ​ចំណង​នោះ​ ​ថា​ជា​ចំណង​មាំមួន​ឡើយ​។​
 ពួក​ជន​ណា​ ​ត្រេកអរ​ក្រៃពេក​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ទាំងឡាយ​ក្តី​ ​សេចក្តី​អាឡោះអាល័យ​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​ក្តី​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​អាឡោះអាល័យ​នោះ​ ​ថា​ជា​ចំណង​មាំមួន​ ​ជា​ចំណង​នាំ​ចុះ​ ​(​ទាញ​សត្វ​ទំលាក់​ទៅ​ក្នុង​អបាយ​)​ ​ជា​ចំណង​ធូរ​ទេ​ ​ប៉ុន្តែ​សត្វ​ស្រាយ​បាន​ដោយ​កម្រ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កាត់​ចំណង​នោះ​ចេញ​ ​ជា​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ​ ​លះបង់​កាមសុខ​ ​ហើយ​ចេញ​បួស​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636865041542843054
ទៅកាន់ទំព័រ៖