ព្រះត្រៃបិដក ភាគ ៥២

 ​ពួក​ជន​ណា​ ​ត្រេកអរ​ដោយអំណាច​រាគៈ​ ​ពួក​ជន​នោះ​ ​តែង​ធ្លាក់ចុះ​កាន់​ខ្សែ​តណ្ហា​ ​ដូច​ពីងពាង​ទម្លាក់​ខ្លួន​ចុះ​កាន់​សំណាញ់​ ​ដែល​ធ្វើ​ហើយដោយ​ខ្លួនឯង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​កាត់​ខ្សែ​តណ្ហា​នោះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ​ ​លះ​ទុក្ខ​ទាំងពួង​ ​ចេញទៅ​។​
 អ្នក​ចូរ​ដោះ​ ​(​សេចក្តី​អាល័យ​)​ ​ក្នុង​កាលមុន​ចេញ​ ​ចូរ​ដោះ​ ​(​សេចក្តី​អាល័យ​)​ ​ក្នុង​ខាងក្រោយ​ចេញ​ ​ចូរ​ដោះ​ ​(​សេចក្តី​អាល័យ​)​ ​ក្នុង​កាល​ជា​កណ្តាល​ចេញ​ ​(​កាលបើ​ធ្វើ​យ៉ាងនេះ​)​ ​អ្នក​នឹង​ដល់ត្រើយ​នៃ​ភព​ ​នឹង​មានចិត្ត​រួច​ស្រឡះ​ ​ចាក​សង្ខតធម៌​ទាំងពួង​ ​មិន​ត្រូវ​ទៅកាន់​ជាតិ​ ​និង​ជរា​ទៀត​ឡើយ​។​
 តណ្ហា​ ​រមែង​ចំរើន​ក្រៃលៃង​ ​ដល់​ជន​ដែល​វិតក្កៈ​ញាំញី​ ​មានតម្រេក​ក្លៀវក្លា​ ​យល់ឃើញ​អារម្មណ៍​ថា​ល្អ​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ធ្វើ​ចំណង​ឲ្យ​មាំមួន​។​ ​លុះតែ​បុគ្គល​ណា​ ​ត្រេកអរ​ក្នុង​អសុភ​ជ្ឈាន​ ​ដែល​ជាហេតុ​ឲ្យ​ស្ងប់​រម្ងាប់​នូវ​វិតក្កៈ​ ​មានស្មារតី​សព្វកាល​ ​តែង​ចំរើន​អសុភ​ជ្ឈាន​ ​បុគ្គល​នោះ​ឯង​ ​នឹង​ធ្វើ​តណ្ហា​ឲ្យអស់​ទៅ​បាន​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​កាត់​ចំណង​មារ​បាន​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636865041837999936
ទៅកាន់ទំព័រ៖