ព្រះត្រៃបិដក ភាគ ៥២
ធម្មបទគាថា ភិក្ខុវគ្គ ទី២៥
[៣៥] ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្តាតប្រពៃ ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួងបាន។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាពជាអ្នកត្រេកអរក្នុងការចំរើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថា ភិក្ខុ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ។
ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយ ៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។
ID: 636865043039388651
ទៅកាន់ទំព័រ៖