ព្រះត្រៃបិដក ភាគ ៥២
[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណឹះ សប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម និងបដិលោម អស់រាត្រីបច្ឆិមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះ រមែងកើតឡើង ព្រោះកើតឡើងនៃបច្ច័យនេះ កាលបើបច្ច័យនេះ មិនមាន ផលនេះក៏មិនមាន ផលនេះរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ មានរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមានព្រម ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតមាន។
ID: 636865057868996856
ទៅកាន់ទំព័រ៖