ព្រះត្រៃបិដក ភាគ ៥២
ចេះចប់នូវវេទ គឺមគ្គញ្ញាណទាំង ៤ មានមគ្គព្រហ្មចរិយធម៌អប់រំហើយ មួយទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេស ក្នុងអារម្មណ៍បន្តិចបន្តួច ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ ទើបគួរនឹងហៅខ្លួនថាជាព្រាហ្មណ៍ ដោយធម៌បាន។ សូត្រ ទី៤។
[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង ព្រះមហាកស្សបដ៏មានអាយុផង ព្រះមហាកច្ចានៈដ៏មានអាយុផង ព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ព្រះមហាកប្បិនៈដ៏មានអាយុផង ព្រះមហាចុន្ទៈដ៏មានអាយុផង ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះរេវតៈដ៏មានអាយុផង ព្រះនន្ទៈដ៏មានអាយុផង ចូលទៅគាល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏បានទតឃើញពួកលោកដ៏មានអាយុអម្បាលនោះ ដែលកំពុងដើរមកអំពីឆ្ងាយ លុះឃើញហើយ បានត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក។
ID: 636865058768288293
ទៅកាន់ទំព័រ៖