ព្រះត្រៃបិដក ភាគ ៥២
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ បានទៅនគរសាវត្ថី ដើម្បីជួបព្រះមានព្រះភាគ។ ឯបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានឮដំណឹងថា អើឮថា ព្រះសង្គាមជិ មកដល់នគរសាវត្ថីហើយ។ នាងនោះ បាននាំទារកទៅឯវត្តព្រះជេតពន។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ កំពុងអង្គុយនៅក្នុងវេលាថ្ងៃ ក្បែរគល់ឈើមួយដើម។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានចូលទៅរកព្រះសង្គាមជិដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសង្គាមជិដ៏មានអាយុថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង។ និមិត្តតែបុរាណទុតិយិកានោះ ពោលយ៉ាងនេះហើយ ព្រះសង្គាមជិដ៏មានអាយុនៅស្ងៀម។ បុរាណទុតិយិកា របស់ព្រះសង្កាមជិដ៏មានអាយុ បានពោលនឹងព្រះសង្គាមជិដ៏មានអាយុ ជាគំរប់ពីរដងផង យ៉ាងនេះទៀតថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង។
ID: 636865060166418261
ទៅកាន់ទំព័រ៖