ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ភិក្ខុណា មិនត្រេកត្រអាលនឹងស្ត្រីដែលមករក មិនស្តាយស្ត្រីដែលគេចចេញទៅ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ដូចជាភិក្ខុឈ្មោះសង្គាមជិ ដែលរួចស្រឡះហើយ ចាកគ្រឿងជាប់ គឺកិលេស។ សូត្រ ទី៨។
[៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគយាសីសៈប្រទេស ទៀបទន្លេគយា។ សម័យនោះឯង ពួកជដិលច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ
(១) ក្នុងវេលារាត្រីដ៏ត្រជាក់ នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។ ព្រះមានព្រះភាគ ក៏បានឃើញពួកជដិលជាច្រើនទាំងនោះ ដែលកំពុងងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។
(១) គឺថ្ងៃជាខាងចុងខែមាឃ ៤ថ្ងៃ ខាងដើមខែផគ្គុណ ៤ថ្ងៃ រួមជា ៨ថ្ងៃ។
ID: 636865060783553559
ទៅកាន់ទំព័រ៖