ព្រះត្រៃបិដក ភាគ ៥២
ផស្សធម៌ទាំងឡាយ រមែងប៉ះពាល់ត្រូវបាន ព្រោះអាស្រ័យឧបធិ កាលបើឧបធិ មិនមាន ផស្សធម៌ទាំងឡាយ ប៉ះពាល់ត្រូវដូចម្តេចបាន។ សូត្រ ទី៤។
[៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកម្នាក់ នៅក្នុងស្រុកឥច្ឆានង្គលៈ បានទៅដល់នគរសាវត្ថី ដោយកិច្ចនីមួយ។ លុះឧបាសកនោះ បានសំរេចកិច្ចនោះស្រេច ក្នុងនគរសាវត្ថីហើយ ក៏ឆៀងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះឧបាសកនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលឧបាសក ខ្លួនអ្នកធ្វើហេតុជាទំនង ដើម្បីមកទីនេះជាយូរអង្វែងហើយ។ ឧបាសកនោះ ទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រុងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរហើយ ប៉ុន្តែខ្ញុំព្រះអង្គ ជាអ្នកខ្វល់ខ្វាយមិនដាច់ ដោយកិច្ចការនីមួយ ទើបមិនអាចឆ្លៀតចូលមកគាល់ព្រះមានព្រះភាគបានសោះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865066603426437
ទៅកាន់ទំព័រ៖