ព្រះត្រៃបិដក ភាគ ៥២
[៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកុណ្ឌិដ្ឋានវ័ន ទៀបក្រុងកុណ្ឌិយា។ សម័យនោះឯង កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ។ កោលិយធីតានោះ លុះត្រូវទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាប៉ះពាល់ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគ ព្រះអង្គនោះ លោកប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។
[៦០] គ្រានោះ កោលិយធីតា នាមសុប្បវាសា បានហៅស្វាមីមកប្រាប់ថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ សូមព្រះអង្គ ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅសប្បាយតាមពាក្យរបស់ខ្ញុំម្ចាស់ថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ
ID: 636865067845087456
ទៅកាន់ទំព័រ៖