ព្រះត្រៃបិដក ភាគ ៥២
ឧទាន នន្ទវគ្គ ទី៣
[៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុមួយរូប អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះអង្គ តាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ភិក្ខុអ្នកលះបង់កម្មទាំងពួង កំចាត់បង់ធូលី គឺកិលេស ដែលខ្លួនធ្លាប់ធ្វើក្នុងកាលមុន មិនមានសេចក្តីប្រកាន់ថា អញឋិតនៅនឹងធឹង សេចក្តីត្រូវការដើម្បីហៅរក(១) អ្នកផងឲ្យជួយ មិនមានឡើយ។ ចប់ សូត្រ ទី១។
(១) ប្រយោជន៍ដើម្បីហៅរកអ្នកផងថា អ្នកទាំងឡាយ ចូរធ្វើថ្នាំជាដើម ដល់អាត្មាដូច្នេះ មិនមានឡើយ ព្រោះលោកឥតមានសេចក្តីអាឡោះអាល័យក្នុងសរីរៈ។ អដ្ឋកថា។
ID: 636865071734629925
ទៅកាន់ទំព័រ៖