ព្រះត្រៃបិដក ភាគ ៥២
[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្រព្រះមាតុច្ឆានៃព្រះមានព្រះភាគ និយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈទេ ខ្ញុំមិនអាចនឹងទ្រទ្រង់ព្រហ្មចរិយៈបានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ និងជាបុត្រព្រះមាតុច្ឆា នៃព្រះមានព្រះភាគ បាននិយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំមិនអាចទ្រទ្រង់ព្រហ្មចរិយធម៌បានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅនន្ទភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។
ID: 636865071942851835
ទៅកាន់ទំព័រ៖