ព្រះត្រៃបិដក ភាគ ៥២
បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ប្រសិនបើអ្នកដឹង អ្នកមិននិយាយពាក្យទាំងប៉ុណ្ណេះទេ ម្នាលអានន្ទ (ព្រោះថា) តថាគតផង ពួកភិក្ខុ ៥០០ រូបនេះផង ទាំងអស់គ្នា សុទ្ធតែអង្គុយនៅដោយសមាធិមិនកំរើក។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
បន្លា គឺកាម កិរិយាជេរ ការសម្លាប់ និងការចង ដែលបុគ្គលណាឈ្នះហើយ បុគ្គលនោះ ឈ្មោះថាមិនញាប់ញ័រ ឋិតនៅដូចភ្នំ បុគ្គលនោះឈ្មោះថា ភិក្ខុរមែងមិនញាប់ញ័រ ព្រោះសុខ និងទុក្ខឡើយ។ សូត្រ ទី៣។
[៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះមានព្រះភាគ។
ID: 636865075302594001
ទៅកាន់ទំព័រ៖