ព្រះត្រៃបិដក ភាគ ៥២
ភិក្ខុតាំងស៊ប់នូវកាយគតាសតិ ហើយបានសង្រួម ក្នុងទ្វារទាំង ៦ ដែលជាហេតុនៃផស្សៈ មានចិត្តតាំងមាំជានិច្ច គប្បីដឹងព្រះនិព្វានចំពោះខ្លួន។ សូត្រ ទី៥។
[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ តែងហៅរកភិក្ខុទាំងឡាយ ដោយពាក្យអសុរោះ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ ហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរហៅបិលិន្ទវច្ឆៈភិក្ខុមក តាមពាក្យតថាគតថា នែអាវុសោវច្ឆៈ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកបិលិន្ទវច្ឆៈភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់បិលិន្ទវច្ឆៈដ៏មានអាយុដូច្នេះថា នែអាវុសោ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។
ID: 636865075822613744
ទៅកាន់ទំព័រ៖