ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ទេវតាទាំងឡាយ តែងស្រឡាញ់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ប្រសិនបើ (ភិក្ខុនោះ) មិនអាស្រ័យនូវការសរសើរ គឺកិត្តិស័ព្ទទេ ( សេចក្តីសរសើរ រមែងមាន ក្នុងទីចំពោះមុខ ឬកំបាំងមុខមិនខាន )។
សូត្រ ទី៨។
[៨៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុច្រើនរូប កាលត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់អង្គុយ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងនូវសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណា ប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុពួកខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។
ID: 636865078656615840
ទៅកាន់ទំព័រ៖