ព្រះត្រៃបិដក ភាគ ៥២
មិនមានទីនៅនៃតណ្ហា មិនមានសេចក្តីប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បានសម្លាប់មារហើយ ចរទៅម្នាក់ឯង បុគ្គលនោះ ឈ្មោះថា ភិក្ខុ។ សូត្រ ទី៩។
[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង ទ្រង់គង់នៅទៀបគល់ពោធិព្រឹក្ស ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយព្រះភ្នែនតែមួយ សោយវិមុត្តិសុខអស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះទៅហើយ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ។ កាលព្រះមានព្រះភាគ ទ្រង់ប្រមើលមើល ដោយពុទ្ធចក្ខុ ទ្រង់បានឃើញពួកសត្វដែលកំពុងក្តៅអន្ទះសា ដោយគ្រឿងក្តៅជាអនេកផង កំពុងឆេះរោលរាល ដោយគ្រឿងឆេះរោលរាលជាអនេកផង ដែលកើតអំពីរាគៈខ្លះ កើតអំពីទោសៈខ្លះ កើតអំពីមោហៈខ្លះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
សត្វលោកនេះ មានសេចក្តីក្តៅអន្ទះសា ត្រូវផស្សៈគ្របសង្កត់ហើយ រមែងពោលនូវខន្ធបញ្ចកៈ ដែលមានរោគ ថាជាខ្លួន ព្រោះថាសំគាល់ឃើញដោយអាការណា ខន្ធបញ្ចកៈនោះ រមែងប្រែក្លាយទៅ
ID: 636865080207214529
ទៅកាន់ទំព័រ៖