ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
វិតក្កៈទាំងឡាយដ៏ថោកទាប វិតក្កៈទាំងឡាយដ៏ល្អិត ដែលចិត្តប្រព្រឹត្តទៅតាមហើយ ធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង បុគ្គលមិនដឹងច្បាស់សេចក្តីត្រិះរិះនៃចិត្តទាំងនុ៎ះទេ ជាអ្នកមានចិត្តភ្ញាក់ផ្អើល ស្ទុះទៅស្ទុះមក កាន់អារម្មណ៍ផ្សេងៗ។ ឯអ្នកប្រាជ្ញ ដឹងច្បាស់សេចក្តីត្រិះរិះ នៃចិត្តទាំងនុ៎ះហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុត បំផ្លាញកិលេស មានស្មារតី បិទខ្ទប់វិតក្កៈទាំងឡាយ ដែលចិត្តប្រព្រឹត្តទៅតាម ហើយធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង លះបង់វិតក្កៈទាំងនុ៎ះ មិនឲ្យសេសសល់។ សូត្រ ទី១។
[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវនឧទ្យាន របស់មល្លក្សត្រិយ៍ ជាទីប្រព្រឹត្តិចូលទៅជិតក្រុងកុសិនារា។ សម័យនោះឯង ពួកភិក្ខុច្រើនរូប នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះមានព្រះភាគ ជាអ្នកមានចិត្តអណ្តែតអណ្តូងលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ (មិនសង្រួមឥន្ទ្រិយ)។
ID: 636865089343737108
ទៅកាន់ទំព័រ៖