ព្រះត្រៃបិដក ភាគ ៥២
ព្រះមានព្រះភាគ ទ្រង់បានទតឃើញពួកភិក្ខុច្រើនរូបនោះ នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះអង្គ មានចិត្តអណ្តែតអណ្តូង ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុគ្គលមានវិញ្ញាណកាយទាំង ៦ មិនរក្សាផង ជាមិច្ឆាទិដ្ឋិផង ដែលថីនមិទ្ធៈ គ្របសង្កត់ផង រមែងដល់នូវអំណាចនៃមារ។ ព្រោះហេតុនោះ ភិក្ខុជាអ្នកមានចិត្តរក្សាហើយ មានសេចក្តីត្រិះរិះត្រូវ ជាអារម្មណ៍ មានសម្មាទិដ្ឋិប្រព្រឹត្តទៅ ក្នុងខាងមុខ ដឹងការកើតឡើង និងសូន្យទៅបាន គ្របសង្កត់នូវថីនៈមិទ្ធៈហើយ គប្បីលះបង់គតិអាក្រក់ទាំងពួង។ សូត្រ ទី២។
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គេចចេញអំពីផ្លូវ ហើយចូលទៅរកម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នាយគោបាលម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ
ID: 636865089615962679
ទៅកាន់ទំព័រ៖