ព្រះត្រៃបិដក ភាគ ៥២
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើន តែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។
ចប់ យមកវគ្គ ទី១។
ធម្មបទគាថា អប្បមាទវគ្គ ទី២
[១២] សេចក្តីមិនប្រមាទ
(១) ជាផ្លូវនៃសេចក្តីមិនស្លាប់
(២) សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ
(៣) ឈ្មោះថា មិនស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ
(១) បានដល់ការប្រុងប្រយ័ត្ន ពាក្យនេះ ជាឈ្មោះស្មារតី ដែលបានតាំងប្រុងជានិច្ច។ (២) ពាក្យថា មិនស្លាប់នេះ ជាឈ្មោះព្រះនិព្វាន ព្រោះព្រះនិព្វាន មិនមានចាស់ មិនមានស្លាប់។ (៣) បានដល់ការមិនប្រុងប្រយ័ត្ន ពាក្យនេះជាឈ្មោះនៃការលះបង់ស្មារតី។
ID: 636864794821051374
ទៅកាន់ទំព័រ៖