ព្រះត្រៃបិដក ភាគ ៥២

​អរិយៈ​ឃើញ​ទោស​ ​ក្នុង​សង្ខារលោក​ ​ដឹង​នូវ​និព្វាន​ធម៌​ដែល​គ្មាន​ឧបធិ​ហើយ​ ​រមែង​មិន​ត្រេកអរ​ក្នុង​បាប​ ​(​ដូច​)​ ​បុគ្គល​ស្អាត​ ​មិន​ត្រេកអរ​ក្នុង​វត្ថុ​អាក្រក់​។​ ​សូត្រ​ ​ទី៦​។​

 [​១២៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​កង្ខា​រេ​វតៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ហើយ​រំពឹង​នូវ​កង្ខា​វិត​រណ​វិសុទ្ធិ​ ​(​សេចក្តី​បរិសុទ្ធិ​ព្រោះ​ឆ្លង​នូវ​សេចក្តី​សង្ស័យ​)​ ​របស់​ខ្លួន​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទត​ឃើញ​ព្រះ​កង្ខា​រេ​វតៈ​ដ៏​មាន​អាយុ​ ​កំពុង​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ហើយ​ ​រំពឹង​នូវ​កង្ខា​វិត​រណ​វិសុទ្ធិ​របស់​ខ្លួន​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សេចក្តី​សង្ស័យ​ទាំងឡាយ​ណាមួយ​ ​ក្នុង​លោក​នេះ​ក្តី​ ​ក្នុង​លោកខាងមុខ​ក្តី​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ក្នុង​អត្តភាព​របស់​ខ្លួន​ ​ឬ​គប្បី​ដឹង​ក្នុង​អត្តភាព​របស់​បុគ្គល​ដទៃ​ ​បុគ្គល​អ្នកមាន​ឈាន​ ​មាន​ព្យាយាម​ ​កាល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​រមែង​លះបង់​នូវ​សេចក្តី​សង្ស័យ​ទាំងអស់​នោះ​បាន​។​ ​សូត្រ​ ​ទី៧​។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636865103580131384
ទៅកាន់ទំព័រ៖