ព្រះត្រៃបិដក ភាគ ៥២
[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ ក្នុងឧបោសថថ្ងៃនោះ។ ទេវទត្តបានឃើញនូវព្រះអានន្ទដ៏មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះឃើញហើយ ចូលសំដៅមករកព្រះអានន្ទដ៏មានអាយុ លុះចូលមកដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ និងសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន)។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ បពិត្រព្រះអង្គដ៏ចំរើន ទេវត្ត ក៏បានឃើញខ្ញុំព្រះអង្គ
ID: 636865103764781945
ទៅកាន់ទំព័រ៖