ព្រះត្រៃបិដក ភាគ ៥២
កាលបើអន្យតិរ្ថិយ បរិព្វាជកទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
សមណព្រាហ្មណ៍មួយពួក រមែងជាប់ក្នុងពួកទិដ្ឋិ ដែលឥតខ្លឹមសារទាំងនេះ ពួកជនអ្នកឃើញអវៈយវៈតែមួយ ៗ ទើបទាស់ទែង ជជែកគ្នា ព្រោះអាស្រ័យនូវទិដ្ឋិនិស័្សយនោះ។ សូត្រ ទី៤។
[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។
ID: 636865111392358217
ទៅកាន់ទំព័រ៖