ព្រះត្រៃបិដក ភាគ ៥២
ផ្លូវលាមកទាំងពីរនុ៎ះ តែងចំរើនដោយព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា ព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា តែងធ្វើទិដ្ឋិឲ្យចំរើន ដោយប្រការដូច្នេះ។ សមណព្រាហ្មណ៍មួយពួក តែងរួញរា មួយពួកតែងស្ទុះទៅ ព្រោះមិនដឹងផ្លូវលាមកទាំងពីរនុ៎ះ។ អរិយបុគ្គលទាំងឡាយណា ដឹងច្បាស់ផ្លូវលាមកទាំងពីរហើយ អរិយបុគ្គលទាំងនោះ មិនធ្លាក់ចុះក្នុងផ្លូវលាមកទាំងពីរនុ៎ះទេ ទាំងមិនបានសំគាល់ខ្លួន ដោយការលះបង់ផ្លូវលាមកនោះឡើយ វដ្ដៈរបស់ពួកអរិយបុគ្គលនោះ មិនមានដើម្បីបញ្ញត្តិទេ។ សូត្រ ទី៨។
[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីមានងងឹតអ័ព្ទ មានគេអុជប្រទីបថ្វាយ។ សម័យនោះឯង សត្វមមាចជាច្រើន ហើរឆ្វៀលឆ្វាត់ ជិតប្រទីបប្រេងនោះ ដល់សេចក្តីមិនចំរើន គឺទុក្ខ ដល់សេចក្តីវិនាស គឺស្លាប់ ដល់សេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះមានព្រះភាគ ទ្រង់បានឃើញសត្វមមាចច្រើនទាំងនោះ ហើរឆ្វៀលឆ្វាត់ជិតប្រទីបប្រេងទាំងនោះ ដល់សេចក្តីមិនចំរើន ដល់សេចក្តីវិនាស ដល់សេចក្តីមិនចំរើន និងសេចក្តីវិនាស។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865121102393600
ទៅកាន់ទំព័រ៖