ព្រះត្រៃបិដក ភាគ ៥២

ឧទាន​ ​បា​ដ​លិ​គ្គា​មិយ​វគ្គ​ ​ទី៨​


 ​[​១៥៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ប្រកបដោយ​ព្រះនិព្វាន​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត​ ​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយតនៈ​(​១​)​ ​នោះ​ ​រមែង​មាន​ពិត​ ​ដី​មិន​មាន​ ​ទឹក​មិន​មាន​ ​ភ្លើង​មិន​មាន​ ​ខ្យល់​មិន​មាន​ ​អា​កា​សាន​ញ្ចាយ​នៈ​មិន​មាន​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​មាន​ ​អា​កិ​ញ្ចញ្ញា​យតនៈ​មិន​មាន​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​មិន​មាន​ ​លោក​នេះ​ ​មិន​មាន​ ​លោក​មុខ​មិន​មាន​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​ក៏​មិន​មាន​ ​ក្នុង​ព្រះនិព្វាន​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ព្រះនិព្វាន​នោះ​ថា​ ​មិន​មានដំណើរ​មក​ ​មិន​មានដំណើរ​ទៅ​ ​

​(​១​)​ ​ពាក្យ​ថា​ ​អាយតនៈ​ ​ក្នុង​ទីនេះ​ ​សំដៅយក​និព្វាន​ ​ដែល​ជាហេតុ​របស់​ផលញ្ញាណ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636865126142671887
ទៅកាន់ទំព័រ៖