ព្រះត្រៃបិដក ភាគ ៥២
កាលបើការច្យុតិ និងការកើត មិនមាន ដំណើរទៅមក ក្នុងឥធលោក និងបរលោក ក៏មិនមាន ទាំងមិនមាន ក្នុងរវាងនៃលោកទាំងពីរ នេះជាទីបំផុតនៃទុក្ខ។ សូត្រ ទី៤។
[១៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងជនបទឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវា។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងមល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង អម្ពវ័នរបស់អញ ទៀបក្រុងបាវា។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែលព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគ
ID: 636865127684320064
ទៅកាន់ទំព័រ៖