ព្រះត្រៃបិដក ភាគ ៥២
ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុណ្យ រមែងចំរើនដល់បុគ្គលអ្នកឲ្យ បុគ្គលអ្នកសង្រួម រមែងមិនសន្សំទុក នូវពៀរទេ អ្នកឈ្លាស រមែងលះបង់កម្មដ៏លាមក បុគ្គលបរិនិព្វាន ព្រោះអស់ទៅនៃរាគៈ ទោសៈ មោហៈ។ សូត្រ ទី៥។
[១៦៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប បានទៅដល់បាដលិគ្រាម។ ពួកឧបាសកឧបាសិកាអ្នកបាដលិគ្រាមបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ឥឡូវនេះ យាងមកដល់បាដលិគ្រាមហើយ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលរោងសំណាក់ នៃពួកខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកឧបាសក ឧបាសិកាអ្នកបាដលិគ្រាមដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ
ID: 636865130189293341
ទៅកាន់ទំព័រ៖