ព្រះត្រៃបិដក ភាគ ៥២
[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា។
[៦] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម។
ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ១ ការដំកល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម។
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាស ក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជាមង្គលដ៏ឧត្តម។
ID: 636864786756720121
ទៅកាន់ទំព័រ៖