ព្រះត្រៃបិដក ភាគ ៥២
បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក បុគ្គលណា បន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះ រកបានដោយក្រ ក្នុងលោក។
សេះល្អ ដែលនាយសារថីទូន្មានដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុតយ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីដំកល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ មិនខាន។
ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន។
ចប់ ទណ្ឌវគ្គ ទី១០។
ធម្មបទគាថា ជរាវគ្គ ទី១១
[២១] កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈ ជាដើម ឆេះទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា។
ID: 636864807263023014
ទៅកាន់ទំព័រ៖